កាលពីម្សិលមិញក្រុមហ៊ុន Huawei របស់ប្រទេសចិនបានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនធុនកណ្ដាលរបស់ខ្លួនមួយម៉ូឌែលផ្សេងទៀត សម្រាប់អ្នកចង់បានស្មាតហ្វូនមានរូបរាងប្រណិត ទាក់ទាញ ដោយតួម៉ាស៊ីនត្រូវបានផលិតឡើងពីលោហៈធាតុមាន 3 ពណ៌សម្រាប់ជ្រើសរើសដូចជា ទឹកមាស, ទឹកប្រាក់ និង ផ្កាឈូកមាស ជាមួយបណ្ដោយ 146.80មម ទទឹង 72.60មម កម្រាស់ 7.5មម និងទម្រងន់ 147 ក្រាម ងាយស្រួលក្នុងការយកតាមខ្លួន កាន់ក្នុងដៃ។ ស្មាតហ្វូននោះមានឈ្មោះថា Huawei Maimang 5 ដែលគេហៅនៅប្រទេសចិន និងមានឈ្មោះ Huawei G9 សម្រាប់ហៅនៅតាមទីផ្សារអន្តរជាតិផ្សេងទៀតក្រៅពីទឹកដីចិន។
Huawei G9 មានទំហំអេក្រង់ 5.5 អ៊ីញ ជាប្រភេទ IPS LCD មានសមត្ថភាពបង្ហាញរូបភាពក្នុងកម្រិត FullHD ឬ 1080p ជាមួយដង់ស៊ីតេអេក្រង់ 401ppi ដោយលើកនេះ Huawei បានសម្រេចបំពាក់ឈីប CPU របស់ Qualcomm លេខ Snapdragon 625 SoC ថ្មី មាន Processor ចំនួន 8 គ្រាប់ រត់បានក្នុងល្បឿន 2.0GHz និង RAM ទំហំ 3GB ទៅ 4GB តាមការជ្រើសរើសរបស់អ្នកប្រើប្រាស់ នៅលើស្មាតហ្វូននេះវិញម្ដង។ កាមេរ៉ាខាងមុខសម្រាប់ថតរូបបែប Selfie មានទំហំ 8 មេហ្គាភិចសែល មានសមត្ថភាពថតរូបបានច្បាស់ និងថតវីដេអូដល់កម្រិត 1080p រីឯកាមេរ៉ាខាងក្រោយវិញមានទំហំ 16 មេហ្គាភិចសែល អមមកជាមួយគ្រាប់ LED សម្រាប់ថតរូបនៅពេលយប់ ឬទីកន្លែងមានពន្លឺទាបជាដើម ពិសេសនៅផ្នែកខាងក្រោមកាមេរ៉ាបន្តិច វាក៏មានសេនស័រសម្រាប់ស្កេនក្រយ៉ៅដៃបានយ៉ាងប្រសើរផងដែរ ជាមួយល្បឿនរហ័សជាទីគាប់ចិត្ត។
ស្មាតហ្វូននេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Marshmallow 6.0 ចេញពីប្រអប់ផ្ទាល់តែម្ដង ដោយវាស្រោបឡើងដោយ EMUI ជំនាន់ 4.1 ថ្មីពី Huawei ផ្ទាល់ ដែលយើងអាចប្រើប្រាស់នៅលើអង្គផ្ទុកទិន្នន័យទំហំ 32GB និងអាចបន្ថែមដល់ទៅ 128GB ទៀតតាមរយៈមេម៉ូរីកាត MicroSD។ លក្ខណៈពិសេសក្រៅពីរូបរាងប្រណិត និងកម្លាំងម៉ាស៊ីនខ្លាំងល្មម G9 នេះនៅអាចប្រើប្រាស់ស៊ីមកាតបានដល់ទៅ 2 ក្នុងពេលតែមួយ ថែមទាំងអាចប្រើសេវា 4G បានទៀតផង ដោយអ្នកអាចប្រើប្រាស់វាបានពេញមួយថ្ងៃជាមួយកម្លាំងថ្មខ្លាំងដល់ទៅ 3340mAh។ ស្មាតហ្វូនស៊េរីថ្មីនេះនឹងចេញលក់នៅក្នុងទីផ្សារប្រទេសចិននាខែក្រោយយ៉ាងយូរ និងអាចទិញតាមទីផ្សារ Online នៅថ្ងៃទី 21 ខែកក្កដា ខាងមុខនេះ ជាមួយនឹងតម្លៃប្រមាណជា 349$។